ភ្នំពេញ: ផ្ដើមពីការបញ្ជាឲ្យតុក្កតាហ្គេមអ្នកមុជទឹកហែលចាប់ផ្កាយ និងក្រចាប់សមុទ្រ នៅឯម្ខាងខាងស្ដាំនៃអេក្រង់កុំព្យូទ័រ និងសំណេរកូដចម្រុះពណ៌នៅផ្នែកខាងឆ្វេង ផល ផារី ជាអ្នកគ្រូបង្រៀនសរសេរកូដកំពុងចោទសួរ និងចែកសកម្មភាពបង្រៀនមួយដំណាក់ម្ដងៗដល់សិស្សតូចៗរបស់ខ្លួន។
ផល ផារី វ័យ ៣៥ ឆ្នាំជាស្ថាបនិក Champion Coders ដែលក្រុមកុមារតូចៗត្រឹមអាយុចាប់ពី ៦ ឆ្នាំក៏អាចចេះរៀនសរសេរកូដបានជួយកុមារឲ្យចេះបង្កើតគម្រោងមុនពេលបង្រៀនកូដជាផ្លូវការ។ អ្នកគ្រូ ផារី គិតថាជាចំណុចចាប់ផ្ដើមដ៏សំខាន់ពីព្រោះកិច្ចការទាំងអស់ត្រូវតែផ្ដើមពីការរៀបចំផែនការ។
អតីតនិស្សិតផ្នែកព័ត៌មានវិទ្យាមកពីសាកលវិទ្យាល័យភូមិន្ទភ្នំពេញរូបនេះក៏បាននិយាយថា៖ «យើងរៀនបំបែកបញ្ហាធំៗទៅជាតូចៗ រួចដោះស្រាយមួយជំហានម្ដងៗ។ វាជាវិធីសាស្ដ្រដែលគេហៅថា computational thinking គឺជាការដោះស្រាយបញ្ហាតាមកុំព្យូទ័រដោយការបំបែកបញ្ហាធំមកតូចរួចដោះស្រាយទៅតាមដំណាក់កាល»។
ផារី បានប្រើប្រាស់វិធីនេះដើម្បីបំបែកនូវអ្វីដែលមនុស្សជាច្រើនគិតថា ការសរសេរកូដគឺជាមុខវិជ្ជារៀនដ៏លំបាកបំផុត ហើយវាសម្រាប់តែអ្នកណាចង់រៀនផ្នែកកុំព្យូទ័រ (computer programmers) ប៉ុណ្ណោះ។
អ្នកគ្រូ ផារី បន្ដថា៖ «ឪពុកម្ដាយភាគច្រើនមានការងឿងឆ្ងល់ថា តើហេតុអ្វីបានជាកូនតូចៗពួកគេត្រូវរៀនសរសេរកូដ? វិជ្ជាសរសេរកូដ មិនមែនមានន័យថា ទាល់តែឲ្យកូនជា computer programmer ទើបអាចរៀនបានទេ។ កម្មវិធីនេះបានបង្កើតឡើងសំខាន់បំផុតគឺបណ្ដុះគំនិតក្មេងឲ្យចេះបង្កើតថ្មី ព្រោះសព្វថ្ងៃនេះ យើងដឹងថាយើងចូលទៅដល់សម័យបច្ចេកវិទ្យា»។
ជាប្រតិបត្ដិករអាជ្ញាប័ណ្ណពី CodingKids Australia, Champion Coders ត្រូវបានបង្រៀនកុមារអាយុចាប់ពី ៦ ឆ្នាំនូវមុខវិជ្ជា Block-based-coding ដែលងាយរៀនជាង Text-based-coding និងមិនសូវជួបបញ្ហាច្រើន។
ផារី ដែលបានបញ្ចប់ការសិក្សាផ្នែក Certified Public Accountant (CPA) ពីអូស្ដ្រាលី ថា៖ «ជាមួយចំណេះដឹងផ្នែក Text-based-coding ពីសាកលវិទ្យាល័យ គឺខ្ញុំបានចាប់ផ្ដើមរៀន Block-based-coding ១ ឆ្នាំនៅអូស្ដ្រាលីជាភាសាកុំព្យូទ័រមួយបែបទៀត និងត្រូវបានបង្កើតសម្រាប់សិស្សក្មេងៗ។ ពេលខ្ញុំរៀន ងាយស្រួល និងអាចជួយដល់កុមារកម្ពុជាបាន»។
ផារី ប្រាប់ភ្នំពេញប៉ុស្ដិ៍ថាការសរសេរកូដជាភាសាមូលដ្ឋាននៃកុំព្យូទ័រដែលត្រូវប្រើសម្រាប់អភិវឌ្ឍ កម្មវិធីទូរស័ព្ទ វេបសាយ សូហ្វវែរ ហ្គេម គំនូរជីវចល បញ្ជាកម្មវិធីរ៉ូបូត និងកាមេរ៉ាដ្រូនផងដែរ។ ពេលរៀនបានខ្ពស់ ក្មេងអាចបង្កើតរ៉ូបូតខ្លួនឯងដោយការប្រើ Arduino និង Microchip ដោយគ្រាន់តែបន្ដរៀនភាសាថ្មី Arduino នៃ Text-based-coding។
ពាក់មួកត្រចៀកទន្សាយពណ៌ផ្កាឈូក កុមារី សុជាតា ទេពី អាយុ ១០ ឆ្នាំដែលជាសិស្សថ្នាក់ទី ៤ សាលាឯកជនមួយនិយាយថានាងបានរៀនចប់មេរៀនសរសេរកូដ ១ វគ្គដំបូងផ្នែកបង្កើតគំនូរជីវចល។
ទេពី ប្រាប់បន្តថា៖ «ដំបូងរាងពិបាកបន្ដិច តែពេលនេះមិនអីទេ។ ខ្ញុំរៀនសរសេរកូដនេះព្រោះចង់ចេះផលិតហ្គេម ដូចជា Candy Crush»។
បើតាមស្ថាបនិក Champion Coders រូបនេះថា ការសិក្សាផ្នែក Block-based-coding មាន ៨ វគ្គ ខណៈវគ្គនីមួយៗមាន ១០ ម៉ោង។ ប៉ុន្ដែបើកុមារឆ្លាត អាចផ្លោះវគ្គខ្លះ មិនចាំបាច់ចំណាយពេលរហូតដល់ ២ ឆ្នាំឡើយ។
យ៉ាងណាមិញក៏ជួបបញ្ហា ២ បានពីឪពុកម្ដាយកុមារដោយពួកគេបារម្ភពីផលប៉ះពាល់កែវភ្នែកកូន និងព្រួយរឿងខ្លាចកូនរៀនមិនទាន់។
ផារី ក៏ពន្យល់ថា៖ «ខ្ញុំទទួលស្គាល់ចំពោះក្ដីកង្វល់ខ្លាចកូនខូចភ្នែក។ តែយើងមានតែ ១ ម៉ោងទេក្នុង ១ អាទិត្យ យើងអត់បង្ខំក្មេងៗចំណាយពេលច្រើននៅមុខកុំព្យូទ័រទេ។ ពេលទៅផ្ទះ គាត់អនុវត្ដត្រឹមតែ ១-២ ម៉ោងគ្រប់គ្រាន់ហើយ ព្រោះកម្មវិធីបំបែកជាជំហានតូចៗ និងអត់ដាក់មេរៀនទាំងដុលដូចនៅសាកលវិទ្យាល័យឡើយ។ ប្រសើរជាងឲ្យក្មេងលេងហ្វេសប៊ុក Twitter និងមើលយូធូបនោះដែរ។
ស្ត្រីជាស្ថាបនិក Champion Coders រូបនេះបន្ដថា៖ «អ្នកឆ្លាត និងអ្នកអត់ឆ្លាត គឺសុទ្ធតែអាចរៀនបានដូចគ្នា ដោយសារកម្មវិធីនេះរៀបចំឡើងមិនសម្រាប់តែសរសេរកូដទេ។ ពេលបំបែកជាជំហានតូចៗ វានឹងធ្វើឲ្យងាយស្រួលរៀន និងនៅក្នុងថ្នាក់រៀនមានគ្រូជំនួយយ៉ាងហោចណាស់ ២ នាក់ដែរ ខណៈចំនួនសិស្សមានមិនលើសពី ១៥ នាក់។
ស្ថិតនៅអគារ LSI ជាន់ទី ២ ក្បែរផ្សារដីហុយ វិថីហាណូយ ខណ្ឌសែនសុខ Champion Coders ចាប់ទទួលកុមារពី ៦ ទៅ ១៥ ឆ្នាំឲ្យរៀនសរសេរកូដ Block-based-coding លើតម្លៃ ១២០ ដុល្លារក្នុង ១ វគ្គរយៈពេល ១០ ម៉ោង៕
វីដេអូ